Tuesday, November 26, 2024
Google search engine
HomeSpecialក្រុមហ៊ុនតូយ៉ូតាបើកជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា

ក្រុមហ៊ុនតូយ៉ូតាបើកជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា

ភ្នំពេញ៖ជាមួយនឹងទុនវិនិយោគជិត៣៧លានដុល្លារអាមេរិកលើផ្ទៃទំហំជាងបួនហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ, ក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង(Toyota Tsusho Manufacturing) (Cambodia) Co., Ltd បានសម្ពោធបើកជាផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា

កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចលកម្ពុជា ឯកឧត្តម អាតស៊ូស៊ី យូអេណូ( Atsushi Ueno) អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្រ្តីក្រុមហ៊ុនជាច្រើនរូប ។

        ព្រឹត្តិការណ៍នៅព្រឹក​ ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា​ ឆ្នាំ២០២៤ នេះរបស់ក្រុមហ៊ុនតូយ៉ូតាត្រូវបានចាត់ទុកជាសមិទ្ធផលថ្មីសន្លាងមួយទៀតក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជានិងជាការបោះទុនដ៏ធំរបស់ក្រុមហ៊ុន  បន្ទាប់ពីអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត ត្រូវបានចុះហត្ថលេខាររវាងរាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុន Toyota Tsusho កាលពីខែវិច្ឆិកា ឆ្នាំ២០២២។

        សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានកត់សម្គាល់ដោយមោទនភាពចំពោះការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា។​​ សម្ដេចបានថ្លែងទៅកាន់អ្នកចូលរួមនិងជាសាធារណៈថា កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គំយានយន្តនិងបរិក្ខារអេឡិចត្រូនិកសម្រាប់នាំចេញទៅកាន់ទីផ្សារក្នុងតំបន់និងសកលលោកដែលការសម្រេចបានចក្ខុវិស័យនេះនឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើនសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ​​​​​​​​​​

        ទាក់ទងនឹងវត្តមានរបស់ក្រុមហ៊ុន Toyota Tsusho​ នៅកម្ពុជា សម្ដេចធិបតីបានបញ្ជាក់ថា យើងបានផ្តល់ជំនឿចិត្តដល់ក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជាដែលមានស្រាប់ ។ ជាក់ស្តែងដូចជា ក្រុមហ៊ុនតូយ៉ូតា ដែលបានមកវិនិយោគនៅកម្ពុជាប្រមាណ៣០ឆ្នាំមកហើយរហូតដល់ក្រុមហ៊ុននេះបានពង្រីកការវិនិយោគបង្កើតជារោងចក្រដំឡើងរថយន្តនៅកម្ពុជាផ្ទាល់តែម្តង។ ដូច្នេះការផ្តល់ជំនឿចិត្តដល់វិស័យឯកជនជារឿងសំខាន់។ សម្ដេចក៏បានពន្យល់ទៀតថា ការក្រុមហ៊ុនដំឡើងរថយន្តនៅកម្ពុជាផ្ទាល់ដូច្នេះកម្ពុជាបាត់ចំណូលនាំចូលតែកម្ពុជាចំណេញដោយបានបង្កើតការងារនិងជំនាញជូនពលរដ្ឋខ្មែរ។​​ យើងសុខចិត្តថយចំណូលនាំចូលរថយន្តតែយើងចំណេញការផ្តល់ឱកាសដល់ពលរដ្ឋខ្មែរទទួលបានការងារចំណូលនិងជំនាញផងដែរ។​ 

        យើងចេញពីហោប៉ៅស្តាំតែចូលវិញហោប៉ៅឆ្វេង។ សម្តេចបានបញ្ជាក់ថាទោះបីហោប៉ៅឆ្វេងឬក៏ហោប៉ៅស្តាំតែចំណូលទាំងនោះគឺដើម្បីយកមកជួយប្រជាពលរដ្ឋនិងអភិវឌ្ឍន៍ប្រទេសដើម្បីប្រជាជនដដែលទេ។

        សម្តេចធិបតីក៏បានបន្ថែមទៀតថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតារបស់​​​ ក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង ខេមបូឌា នាពេលនេះគឺជាការរួមចំណែកយ៉ាងសំខាន់មួយទៀតនៅក្នុងវិស័យឯកជនក្នុងការអភិវឌ្ឍឧស្សាហកម្មក៏ដូចជាសេដ្ឋកិច្ចជាតិ។​​​ តាមរយៈក្រុមហ៊ុនដំឡើងរថយន្ត​​ តូយ៉ូតានាពេលនេះនឹងចូលរួមបង្កើតភាពប្រកួតប្រជែង​ ការលើកកម្ពស់ ការធ្វើពិធីកម្ម ការធ្វើទំនើបកម្មឧស្សាហកម្មក៏ដូចជាការផ្តល់ឱកាសនិងជម្រើសការងារប្រកបដោយជំនាញកាន់តែច្រើនដល់ប្រជាជនខ្មែរ។

        ក្នុងឱកាសដដែលនេះសម្ដេចធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុនទន្ទឹមនឹងនេះផងដែរ សម្ដេចក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបើកថ្នាលបណ្ដុះបណ្ដាលនិងផ្ដល់ឱកាសដល់យុវជនដែលកំពុងរៀនជំនាញ វិជ្ជាជីវៈនិងយុវជនជាច្រើនទៀតអាចមកហាត់ការនៅក្នុងក្រុមហ៊ុនដោយផ្ទាល់ដើម្បីទទួលជំនាញលើការអនុវត្ដជាក់ស្ដែងនិងមានសម្ភារៈទំនើប។ សម្ដេចក៏បានបន្តទៀតថា ការបណ្ដុះបណ្ដាលបច្ចេកវិទ្យាគ្រឿងយន្ដមាន សារៈសំខាន់នៅចំពោះមុខដើម្បីប្រែក្លាយផលិតភាពនិងសក្ដានុពលរបស់ប្រជាពលរដ្ឋទាំងឱកាសការងារនិងអភិវឌ្ឍន៍វិស័យកម្មន្តសាលដែលអាចមានសមត្ថភាពនូវក្នុងការផលិតផលិតផលពាក់កណ្ដាលសម្រេចនិងផលិតផលសម្រេចដើម្បីនាំចេញ

        ទាក់ទងនឹងនឹងការបើកដំណើរការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា លោក អ៊ីជីរ៉ូ  កាស៊ីតានី (Ichiro Kashitani) នាយកប្រតិបត្តិនៃក្រុមហ៊ុនតូយ៉ូតាស៊ុយស៊ូប្រាប់ក្នុងសន្និសីទសារព័ត៌មានថាការចាប់ផ្តើមសាងសង់រោងចក្រផ្គុំនិងដំឡើងរថយន្តគឺជាការចាប់ផ្តើមនូវសមិទ្ធផលថ្មីក្នុងប្រវត្តិសាស្ត្រអស់រយៈពេល៣០ឆ្នាំមកហើយរបស់ក្រុមហ៊ុនតូយ៉ូតាក្នុងព្រះរាជាណាចក្រកម្ពុជា។ Toyota Tsusho នឹងបន្តជំរុញ ធុរះកិច្ចរបស់កម្ពុជាក្នុងគោលបំណងចូលរួមចែករំលែកនូវសុភមង្គលទៅដល់ប្រជាជនកម្ពុជាដោយសម្រេចឱ្យបាននូវអព្យាក្រឹត្យកាបូននិងលើកស្ទួយធនធានមនុស្ស។ 

        លោកបានបន្ថែមដោយសុទិដ្ឋិនិយមថាទីផ្សារយានយន្តនៅកម្ពុជាត្រូវបានរំពឹងទុកថានឹងបន្តរីកចម្រើនឥតឈប់ឈរស្របទៅតាមកំណើនសេដ្ឋកិច្ចក្នុងប្រទេស ។តាមរយៈការបង្កើតរោងចក្រផ្គុំនិងដំឡើងយានយន្តយើងនឹងបន្តចូលរួមលើកស្ទួយសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមតាមរយៈការអភិវឌ្ឍឧស្សាហកម្មយានយន្ត ដោយចូលរួមធ្វើការយ៉ាងស៊ីជម្រៅនៅក្នុងខ្សែច្រវាក់ផលិតកម្មប្រកបដោយគុណតម្លៃ​ការបង្កើតការងារនិងការអភិវឌ្ឍធនធានមនុស្សផងដែរ។

        សូមបញ្ជាក់ជូនថា តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង​ (​ ​Toyota Tsusho Manufacturing ) ( Cambodia ) Co., Ltd ឬហៅកាត់ថា ( TTMC​ ) គឺជាក្រុមហ៊ុនផ្គុំនិងដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា 

        ស៊ុយស៊ូនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលនឹងចាប់ផ្តើមការផលិតរថយន្តតូយ៉ូតា Hilux pickup និង Fortuner SUV ដោយប្រើវិធីសាស្ត្រនៃការផលិត SKD របស់ក្រុមហ៊ុន Toyota Motor Corporation។

        SKD ជាពាក្យកាត់មកពីពាក្យពេញថា “Semi Knock Down”។ សំដៅទៅលើវិធីសាស្ត្រនៃការផ្គុំនិងដំឡើងតួរថយន្តដែលបាននាំចូលនៅក្នុងលក្ខខណ្ឌដែលបានផ្សារបញ្ចូលគ្នានិងលាបពណ៌រួចជាស្រេចហើយគ្រឿងបង្គុំសំខាន់ៗត្រូវបានផ្គុំនិងដំឡើងទៅក្នុងតួនិងគ្រោងរថយន្ត។ 

        រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួនពីរប្រភេទ។ ទី១៖ ប្រភេទ TOYOTA FORTUNER ជាប្រភេទ SUV និងទី២៖ ប្រភេទ TOYOTA HILUX REVO ជាប្រភេទ Pick-UP ដែលមានទុនវិនិយោគចំនួន ៣៦ ៧៨១ ០០០ ដុល្លារនិងមានបុគ្គលិកសរុបចំនួន ១៥០នាក់ហើយមានសមត្ថភាពដំឡើងរថយន្តចំនួន ១៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ( Market demand ) ឆ្នាំ២០២៤នៅក្នុងនោះដែរមាន   រថយន្ត FORTUNER ចំនួន ២៩០គ្រឿងនិងរថយន្ត HILUX ចំនួន ១ ០៣០គ្រឿង ។

        គួរបញ្ជាក់ថាក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឆឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ៕

ដោយ៖ម៉ាដេប៉ូ

អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ