នាព្រឹកថ្ងៃទី ២០ ខែមិនា ឆ្នាំ២០២២ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំនូវកម្មវិធី ប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី “ប្រកួតប្រជែងគូរគំនូររថយន្ត ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៥“ នៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ ក្រោមអធិបតីភាពរបស់អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក Ryoji Fujita រីអូជិ ហ្វូជីតា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារាកុមារីដែលជាម្ចាស់ជ័យលាភី ជាច្រើនទៀត។
តាមរយៈសុន្ទរកថារបស់លោក Ryoji Fujita រីយ៉ូជិ ហ្វូជីតា អគ្គនាយកក្រុមហ៊ុន បានបង្ហាញឲ្យដឹងថាទោះបីជាការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅតែមិនទាន់បាត់ក៏ពិតមែន តែលោកពិតជាមាន មោទកភាព ដែលតូយ៉ូតា (ខេមបូឌា) នៅ តែ អាច ទទួល បាន គំនូរ សិល្បៈ ដ៏ អស្ចារ្យ និង មាន អត្ថន័យ ជា ច្រើន ពី អ្នក ប្រកួត វ័យ ក្មេង ទាំង អស់ នៅ ទូទាំង ប្រទេស ចាប់ តាំង ពី ការ ចាប់ ផ្តើម ការ ប្រកួត ចាប់ ពី ខែ ធ្នូ ឆ្នាំ ២០២១ រហូត ដល់ ខែ កុម្ភៈ ឆ្នាំ ២០២២។
បន្ទាប់ពីបានឆ្លងកាត់ការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងពិភាក្សាយ៉ាងលម្អិតក្នុងចំណោមអ្នកជំនាញផ្នែកសិល្បៈគំនូរ និងអ្នកជំនាញលើការច្នៃប្រឌិត បានរកឃើញគំនូរ៩រូបល្អបំផុតនោះ ដែលឈ្នះជ័យលាភីថ្នាក់ជាតិជាផ្លូវការដើម្បីប្រកួតប្រជែងក្នុងការប្រកួតបន្តនៅប្រទេសជប៉ុន។ ក្រៅពី ៩ រូបគំនូរនេះ ៣គំនូរផ្សេងទៀត ក៏ ទទួលបាន ពានរង្វាន់ National Best Finalist ក្នុង ប្រភេទ ក្រុម នីមួយៗ ផងដែរ ។ អ្វីដែលសំខាន់បំផុតនោះ មានស្នាដៃសិល្បៈគំនូរចុងក្រោយមួយដែលត្រូវបានជ្រើសរើសដោយលោកផ្ទាល់ក្នុងនាមជាពានរង្វាន់អគ្គនាយកក្រុមហ៊ុន Toyota (Cambodia) ។
លោក Ryoji Fujita រីយ៉ូជិ ហ្វូជីតា បានបន្ថែមទៀតដែរថា ដោយស្មោះត្រង់ពីចិត្តរបស់លោក ពិតជាពិបាកជឿថា គំនូរដ៏អស្ចារ្យទាំងនោះត្រូវបានគូរដោយវិចិត្រករវ័យកុមារដ៏មានសមត្ថភាពទាំងនេះ ហើយលោកពិតជាចាប់អារម្មណ៍នឹងគំនូររបស់ប្អូនកុមារដែលបានបង្ហាញពី គំនិតច្នៃប្រឌិត ចង់បង្កើត រថយន្តដើម្បីដោះ ស្រាយ បញ្ហាសង្គម និង មិនត្រឹមតែបញ្ហានៅក្នុងប្រទេសរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅជុំវិញពិភពលោកផង ដែរ ហើយនេះគឺជាចំណុចតែមួយគត់មានគួរឲ្យចាប់អារម្មណ៍ចំពោះអ្នកឈ្នះ។
ជាចុងក្រោយលោកក៏បានផ្ដាំផ្ញើរទៀតដែរថា លោកសូមអរគុណដល់អ្នកទាំងអស់គ្នា ជាពិសេសវិចិត្រករវ័យក្មេងទាំងអស់សម្រាប់វត្តមាននៅព្រឹកនេះ ហើយលោកសូមជូនពរអ្នកឈ្នះពានរង្វាន់ថ្នាក់ជាតិទាំង ៩ រូប អោយជួបតែសំណាងល្អ និងជោគជ័យក្នុងការប្រលងថ្នាក់ពិភពលោកនាពេលខាងមុខ ដែលលទ្ធផលនឹងប្រកាសក្នុងខែមិថុនា ឆ្នាំ 2022 នេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះមាតាបិតា អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ ដែលបានគាំទ្រក្នុងការជំរុញទឹកចិត្តកូនៗរបស់ពួកគេឱ្យចូលរួមក្នុងការប្រកួតគំនូរនេះ ហើយសូមបន្តលើកទឹកចិត្តកុមារឱ្យបង្ហាញពីភាពច្នៃប្រឌិត និងទេពកោសល្យរបស់ពួកគេនៅក្នុងការប្រកួតឆ្នាំក្រោយរបស់យើង។
សម្រាប់ការប្រកួតប្រជែងនាឆ្នាំ២០២២ នេះ ក្រុមហ៊ុនទទួលបានផ្ទាំងគំនូរពីបេក្ខជនដែលដាក់ពាក្យចូលរួមប្រកួតចំនួន ៤៣៥ ផ្ទាំង ដែលប្រមូលបានពីការប្រកួតប្រជែងគូរគំនូរ នៅតាមសាលារដ្ឋ និងឯកជនផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដនានា ដែលនេះគឺជាលទ្ធផលមួយដែលគួរឲ្យភ្ញាក់ផ្អើល ហើយនេះក៏បញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ផងដែរថា ក្មួយៗជំនាន់ក្រោយ កំពុងតែចូលរួមបង្កើតនូវអ្វីដែលថ្មី និងពោរពេញដោយការច្នៃប្រឌិតខ្ពស់សម្រាប់ថ្ងៃអនាគត តាមរយៈការគូរគំនូររថយន្ត។ កម្មវិធីប្រកួតប្រជែងគូរគំនូរនេះ ត្រូវបានចាប់ផ្តើមរៀបចំឡើងតាំងពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងចំណោមរូបគំនូរទាំង ៤៣៥ ផ្ទាំងនេះ ត្រូវបានបែងចែកជាបីក្រុមអាយុរួមមាន៖ ក្រុមអាយុក្រោម ៨ឆ្នាំ មានចំនួន៤៨ ផ្ទាំង ក្រុមអាយុពី៨-១១ឆ្នាំ មានចំនួន២២៣ ផ្ទាំង និងក្រុមអាយុ១២-១៥ឆ្នាំ មានចំនួន ១៦៤ផ្ទាំង។
កុមារា និងកុមារី ដែលទទួលបានជ័យលាភីនាពេលនេះ មានរាយនាមដូចតទៅ៖
ចំណាត់ថ្នាក់ | ឈ្នោះ | ភេទ | អាយុ |
ជ័យលាភីអាយុក្រោម ៨ឆ្នាំ | |||
ជ័យលាភីគំនូរល្អបំផុតចុងក្រោយ | លឹម ឆាយលី | ប្រុស | 7 |
ជ័យលាភីលេខ ៣ | ភី ដារ៉ាវត្តី | ស្រី | 6 |
ជ័យលាភីលេខ ២ | កែវ មុនីរត្ន | ស្រី | 6 |
ជ័យលាភីលេខ ១ | សាវន គុណឋាគូរ | ប្រុស | 5 |
ជ័យលាភីអាយុ ៨ – ១១ឆ្នាំ | |||
ជ័យលាភីគំនូរល្អបំផុតចុងក្រោយ | កែវ សិរីវឌ្ឍនៈ | ប្រុស | 10 |
ជ័យលាភីលេខ ៣ | សេន ស៊ីណាហ្វីលីព | ប្រុស | 9 |
ជ័យលាភីលេខ ២ | ថាន ចំរើនរីយ៉ា | ស្រី | 10 |
ជ័យលាភីលេខ ១ | សាវន សុផស្សា | ស្រី | 9 |
ជ័យលាភីអាយុ ១២ – ១៥ឆ្នាំ | |||
ជ័យលាភីគំនូរល្អបំផុតចុងក្រោយ | ផាត អេលីតកន្និការ | ស្រី | 12 |
ជ័យលាភីលេខ ៣ | ផា ខេមរិន្ទ | ប្រុស | 12 |
ជ័យលាភីលេខ ២ | ឈឿក ប៉ារ៉ាវ៉ាន់ | ប្រុស | 14 |
ជ័យលាភីលេខ ១ | លាងច័ន្ទលីហ្សា | ស្រី | 14 |
ជ័យលាភីកិត្តិយស អគ្គនាយកក្រុមហ៊ុន | |||
ជ័យលាភីកិត្តិយស អគ្គនាយកក្រុមហ៊ុន | ជីហ៊ត ច័ន្ទជូលី | ស្រី | 13 |
ប្អូនៗកុមារដែលឈ្នះជាជ័យលាភីថ្នាក់ជាតិនេះ បានទទួលរង្វាន់ជាច្រើនដូចខាងក្រោម៖
- ជ័យលាភីលេខ ១ ទទួលបាន Ipad 9th និងនាឡិកាឆ្លាតវៃមួយ
- ជ័យលាភីលេខ ២ ទទួលបាន Galaxy Tab ៨ និងនាឡិកាឆ្លាតវៃមួយ
- ជ័យលាភីលេខ ៣ ទទួលបាន Huawei mate Pad
- ជ័យលាភីកិត្តិយស President award : Huawei mate Pad