កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុន Toyota Motor Thailand Co., Ltd. បានធ្វើការប្រកាសបង្ហាញចេញ និងបើកទទួលការកក់ជាផ្លូវការនូវរថយន្តប្រភេទ Sedan សេរ៊ីថ្មីឆ្នាំ២០២៣ Toyota Yaris Ativ ឬយើងគ្រប់គ្នាតែងតែហៅថាជារថយន្ត Toyota Vios ជាមួយការផ្លាស់ប្តូរមុខមាត់ថ្មីដ៏ទាក់ទាញ ធ្វើអោយអតិថិជនរបស់ខ្លួនធ្វើការកក់ទុកមុនរហូតដល់ទៅចំនួន ២ម៉ឺនគ្រឿង ត្រឹមរយៈពេល ១ខែដំបូង នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានដ៏ល្បីរបស់ថៃ Sanook។
ជាមួយនឹងភាពជោគជ័យនេះយើងសង្ឃឹមថា រថយន្តនេះក៏អាចធ្វើការបង្ហាញខ្លួននៅលើទីផ្សារប្រទេសកម្ពុជាក្នុងពេលឆាប់ៗផងដែរ មិនដឹងថាចេញមុនភ្ជុំបិណ្ឌ ឬក្រោយភ្ជុំបិណ្ឌទេ។
សារព័ត៌មានយើងក៏មិនស្ងៀមដែរ បានឆ្លៀតសាកសួរទៅកាន់ក្រុមហ៊ុន តូយ៉ូតា ដែលជាក្រុមហ៊ុនមានបទពិសោធន៍នាំចូលរថយន្តថ្មីៗជាច្រើនប្រភេទធ្វើអោយរង្គើរទីផ្សាររថយន្តនៅកម្ពុជាដែរ។
ខាងក្រុមហ៊ុន តូយ៉ូតា បានបង្ហាញយ៉ាងច្បាស់ថា “ រថយន្ត Toyota Yaris Ativ នៅប្រទេសថៃ ចំណែកនៅកម្ពុជា ជាទូទៅស្គាល់ថា Toyota Vios ដែលម៉ូឌែល 2023 នេះនឹងមានការប្តូររូបរាង និង បច្ចេកវិទ្យា ដែលកាន់តែធ្វើអោយរថយន្តម៉ូឌែលនេះមានលក្ខណៈទំនើប ផាសុខភាព សមត្ថភាព និង ប្រព័ន្ធសុវត្ថិភាពកាន់តែខ្ពស់ក្នុងការបើកបរ” ។ ក្រុមហ៊ុនបានបន្ថែមទៀតថា “ការមកដល់នៃរថយន្តប្រភេទ Toyota Vios 2023 នេះ និង មកដល់ក្នុងដ៏ពេលខ្លីខាងមុខនេះ។”
ប៉ុន្តែថ្ងៃនេះ ក្រុមការងារ Square Car សូមធ្វើការលើយកនូវចំណុចពិសេសៗ ដែលមានភ្ជាប់មកជាមួយរថយន្ត Sedan មួយនេះ ថាតើហេតុអ្វីទើបធ្វើអោយរថយន្តមួយនេះជោគជ័យខ្លាំង នៅលើទីផ្សារប្រទេសថៃបែបនេះ?
វីដេអូនិយាយពីរថយន្ត៖ (384) แมตช์ชีวิตในแบบคุณ ALL NEW TOYOTA YARIS ATIV นี่แหละ..รถของเรา – YouTube
រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ: សម្រាប់រថយន្ត Toyota Yaris Ativ ជំនាន់ថ្មីនេះគឺត្រូវបានផ្លាស់ប្តូររូបរាងថ្មី ដោយមានការឌីស្សាញកាន់តែស្ព័រ និងជ្រុងៗជាងមុន ស្រដៀងទៅនឹងរថយន្ត Camry និង Corolla Altis។ ចំពោះនៅផ្នែកខាងមុខ វាត្រូវបានផ្លាស់ប្តូរថ្មីដោយបានបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំ និងអមសងខាងដោយចង្កៀងមុខឌីស្សាញស្លីមជាងមុនប្រភេទ LED។ ចំណែកនៅផ្នែកចំហៀងបានបន្ថែមនៅទំហំថាសកង់ទំហំរហូតដល់ ១៦ អ៊ីញ និងផ្នែកខាងក្រោយមានរចនាបែបស្ព័រជាមួយនឹងស្តុបក្រោយរាងជ្រុងៗ ប្រើប្រាស់អំពូល LED ផងដែរ។
ជាមួយរូបរាងដ៏ទាន់សម័យនេះ Toyota Yaris Ativ ត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី DNGA platform ជាមួយប្រវែងសរុប ៤ ៤២៥ មម ទទឹង ១ ៧៤០ ម.ម កំពស់ ១ ៤៨០ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦២០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ១៦០ម.ម ។
ប្រណិតភាពនៃផ្នែកខាងក្នុង: ក្រឡេកមកកាន់ផ្នែកខាងក្នុងនៃរថយន្តនេះវិញគឺទទួលបានការឌីស្សាញថ្មីដោយផ្តោតទៅលើប្រណិតភាព និងផាសុកភាព។ ហើយអ្វីដែលគួរអោយចាប់បន្ថែមទៀតសម្រាប់ម៉ូឌែលថ្មីនេះ គឺវាបានផ្លាស់ប្តូរមកប្រើប្រាស់កុងទ័រព័ត៌មានប្រភេទ TFT ទំហំ ៧អ៊ីញ និងអេក្រង់កំសាន្ត បញ្ឈរប្រភេទ Touchscreen ទំហំ ៩ អ៊ីញ ដែលភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto ។
បន្ថែមជាមួយ កៅអីជាប្រភេទស្បែក លាយកាមេញី ព្រមទាំង ឧបករណ៍បំពងសំឡេងចំនួន ៦ គ្រាប់, រន្ធសាកថ្ម USB ចំនួន ៤ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ចែកដាច់ជាពីរតំបន់។
ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរ: សម្រាប់ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរ Toyota Yaris Ativ ជំនាន់ថ្មីនេះ បានបំពាក់ជាមួយកញ្ចប់សុវត្ថិភាព Toyota Safety Sense ដែលមានប្រព័ន្ធសុវត្ថិភាពដូចជា៖
- ប្រព័ន្ធកំណត់ល្បឿនថេរ (Adaptive Cruise Control)
- ប្រព័ន្ធជំនួយ និងផ្តល់សញ្ញាគ្រោះថ្នាក់ពេលចេញពីចំណត (Rear Cross-traffic Alert)
- ប្រព័ន្ធបង្ហាញឧបសគ្គពីចំហៀង (Blind Spot Monioring)
- ប្រព័ន្ធហ្រ្វាំងដៃអេឡិចត្រូនិច
បន្ថែមជាមួយ កាំមេរ៉ា ៣៦០ ដឺក្រេ, ពោងសុវត្ថិភាពចំនួន ៦ ចំនុច, ប្រព័ន្ធជំនួយពេលឡើងចំណោត, ប្រព័ន្ធទប់លំនឹងរថយន្ត, ប្រព័ន្ធការពារមិនអោយជាប់គាំងហ្រ្វាំង Anti-Lock Braking System (ABS) និងប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំងលើកង់ (EBD)។
រថយន្ត Toyota Yaris Ativ សេរ៊ីឆ្នាំ២០២៣ ដំណើរការដោយម៉ាស៊ីនសាំងជំនាន់ថ្មី ចំណុះ ១,២ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ៩៣ សេះ និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ Super CVT-i និងមានជម្រើសនៃរបៀបបើកបរចំនួន ៣ គឺ Eco, Normal និង Sport៕
យ៉ាងណាមិញ សម្រាប់ទីផ្សារកម្ពុជា យើងមិនទាន់ដឹងថានឹងនាំចូលមកនៅពេលណានូវឡើយទេ មានតែរង់ចាំការប្រកាសចេញផ្លូវការរបស់ក្រុមហ៊ុនផ្លូវការប៉ុណ្ណោះ។ ប្រសិនបើ មានអ្វីពិសេសបន្ថែម ឬព័ត៌មានបន្ថែម ក្រុមការងារ Square Car នឹងធ្វើការចែករំលែកបន្តទៀត។